អ្នកស្រី Kagawa អាយុ ១០៩ឆ្នាំ ក្លាយជាអ្នកកាន់ភ្លើងគប់ចំណាស់ជាងគេ ក្នុងប្រវត្តិសាស្រ្ត Olympic

April 13, 2021 40

តូក្យូ ៖ បើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកស្រី Shigeko Kagawa អាយុ ១០៩ឆ្នាំ បានក្លាយជាអ្នករត់ភ្លើងគប់ក្នុងព្រឹត្តិការណ៍ Olympic ចាស់ជាងគេបំផុតលើពិភពលោក បន្ទាប់ពីអ្នកស្រីបានចូលរួមក្នុងពិធីដង្ហែភ្លើងគប់នៃយុទ្ធនាការ Tokyo Olympic នៅខេត្ត Nara Prefecture ប្រទេសជប៉ុននាថ្ងៃចន្ទម្សិលមិញ។

អ្នកស្រី Kagawa ដែលកើតនៅឆ្នាំ១៩១១ បានទទួលកំណត់ត្រាពី Aida Mendes of Brazil ដែលអ្នកស្រីបានដើរដង្ហែភ្លើងគប់ Rio Olympic ស្ថិតក្នុងទីក្រុង Macapa ប្រទេសប្រេស៊ីល នៅពេលដែលអ្នកស្រីមានអាយុ១០៧ឆ្នាំ ក្នុងខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។

អ្នកស្រី Kagawa គឺជាមនុស្សដែលមានអាយុលើស ១០០ឆ្នាំទី២ហើយដែលបានចូលរួមក្នុងពិធីបញ្ជូនភ្លើងគប់ Olympic ចាប់តាំងពីវាបានចាប់ផ្តើម នៅថ្ងៃទី២៥ ខែមីនា។ មុនមកដល់ដៃអ្នកស្រី Kagawa ភ្លើងគប់នេះក៏ត្រូវបានអ្នកស្រី Shitsui Hakoishi ធ្វើការដង្ហែក្រោមដំណក់ទឹក្លៀងនៅអាយុ ១០៤ឆ្នាំកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នាទីក្រុង Nasukarasuyama ខេត្ត Tochigi Prefecture។

ប៉ុន្តែកំណត់ត្រារបស់អ្នកស្រី Kagawa ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះវិញនៅខែក្រោយ នៅពេលដែលអ្នកស្រី Kane Tanaka ជាមនុស្សដែលចាស់ជាងគេបំផុតនៅលើពិភពលោក គ្រោងនឹងកាន់បញ្ជូនភ្លើងគប់ Olympic នេះផងដែរ។

អ្នកស្រី Tanaka អាយុ ១១៧ឆ្នាំត្រូវបានទទួលស្គាល់ដោយ Guinness Book of Records ជាមនុស្សចាស់ជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាពលរដ្ឋចាស់ជាងគេផងដែររបស់ប្រទេសជប៉ុន។

អ្នកស្រីគ្រោងនឹងកាន់បញ្ជូនភ្លើងគប់ នៅពេលដែលវាឆ្លងកាត់តំបន់ Shime ខេត្ត Fukuoka Prefecture របស់ជប៉ុននាថ្ងៃទី១២ ខែឧសភាខាងមុខ៕

Loading...