កញ្ជ្រោងខៀវ Leicester ឡើងទៅប៉ះ Chelsea វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពាន FA Cup ក្រោយទម្លាក់ Southampton

April 19, 2021 43

ក្រុងឡុងដ៍ ៖ ក្រុមកញ្ជ្រោងខៀវ Leicester City បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រដែលត្រូវប៉ះតោខៀវ Chelsea ប្រជែងយកពាន FA Cup បន្ទាប់ពីទម្លាក់ Southampton ចេញពីពានលំដាប់ទី២ អង់គ្លេសក្នុងលទ្ធផល ១-០ ពីក្នុងវគ្គ ៤ក្រុមចុងក្រោយនៅរាត្រីថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។

កីឡាករខ្សែប្រយុទ្ធ Kelechi Inheanacho ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៥៥ តែ១គ្រាប់នៅកីឡដ្ឋាន Wembley ដើម្បីបញ្ជូន Leicester City ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៦៩ មក ដែលស្ថិតក្រោមការបង្វឹករបស់លោក Brendan Rodgers។

ក្នុងការប្រកួតនោះដែរ ក៏មានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ក្នុងទីលានប្រមាណ ៤,០០០នាក់ដែលជាធ្វើតេស្តសាកល្បងក្នុងការអនុញ្ញាតឲ្យមានអ្នកគាំទ្រក្នុងកីឡដ្ឋានវិញ ដ្បិតក្រុមកញ្ជ្រោងខៀវក៏ធ្លាប់ឡើងដល់វគ្គ ៤ក្រុមចុងក្រោយម្តងដែរកាលពីឆ្នាំ១៩៨២ តែមិនឈ្នះពាន និងជាម្ចាស់ជើងឯកពានទី៣ អង់គ្លេស League Cup កាលឆ្នាំ២០០០ ក្រោយពេលឈ្នះពាន Premier League ជាប្រវត្តិសាស្រ្តរបស់ក្លិបក្នុងឆ្នាំ២០១៦។

ជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់តោខៀវ Chelsea ដែលបានទម្លាក់ក្រុមខ្លាំង Manchester City ១-០ ទល់នឹង Leicester City នឹងបន្តធ្វើឡើងនៅកីឡដ្ឋាន Wembley នេះដដែលនារាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១៕

Loading...