Spurs សម្រេចតែងតាំងលោក Ryan Mason ជាអ្នកចាត់ការទូទៅស្តីទី រហូតដល់ចប់រដូវកាលនេះ

April 21, 2021 30

ក្រុងឡុងដ៍ ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្លិបបាល់ទាត់ Tottenham Hotspur បានប្រកាសថា អតីតកីឡាករខ្សែបម្រើ Ryan Mason នឹងទទួលបន្ទុកជាអ្នកចាត់ការទូទៅជាបណ្តោះអាសន្នរហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីក្លិបបានសម្រេចបញ្ចប់តួនាទីលោក Jose Mourinho កាលពីថ្ងៃចន្ទ។

លោក Jose Mourinho ត្រូវបានដកចេញពីការងារនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីរៀបចំទម្រង់លេងដ៏គួរឲ្យខកចិត្តដែលធ្វើឲ្យក្រុមមាន់ខ្នាយមាស Spurs ជួបការលំបាកក្នុងការប្រជែងកៅអី UEFA Champions League រដូវកាលក្រោយ។

អតីតកីឡាកររបស់ក្លិប Spurs និងក្លិប Hull City កីឡាករ Mason ដែលត្រូវបានបង្ខំចិត្តចូលនិវត្តន៍ពីកីឡាករអាជីពក្នុងឆ្នាំ២០១៨ នោះ បានបង្កើនតួនាទីរបស់លោក ជាប្រធានផ្នែកអភិវឌ្ឍន៍កីឡាករនៅក្លិប Spurs ក្រោយមក។

លោក Chris Powell និងលោក Nigel Gibbs នឹងជួយលោក Mason ស្របពេលលោក Ledley King នៅជាគ្រូបង្វឹកក្រុមជម្រើសដំបូង និងអតីតអ្នកចាំទី Michel Vorm វិលត្រឡប់មកក្លិបវិញ ក្នុងតួនាទីជាគ្រូបង្វឹកកីឡាករអ្នកចាំទី។

ការប្រកួតដំបូងរបស់លោក Mason ក្នុងតួនាទីថ្មីនេះ គឺការប្រកួតក្នុងក្របខណ្ឌ Premier League ជាមួយក្រុម Southampton នៅរាត្រីថ្ងៃពុធនេះ ខណៈលោកនឹងដឹកនាំក្រុម ទៅប្រកួតនៅកីឡដ្ឋាន Wembley នាថ្ងៃអាទិត្យនៃវគ្គផ្តាច់ព្រ័ត្រពាន League Cup តទល់នឹង Manchester City៕

Loading...