រុស្ស៊ី បណ្ដេញមន្ត្រីការទូតប្រទេសប៊ុលហ្គារី ចំនួន២រូប ពាក់ព័ន្ធរឿងចារកម្ម

April 21, 2021 44

មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារ តាមសេចក្តីរាយការណ៍ បានប្រកាសបណ្ដេញមន្ត្រីការទូតប៊ុលហ្គារីពីររូប ដោយនិយាយថា ជាបុគ្គលមិនគួររាប់រក ក្នុងដំណើរធ្វើការឆ្លើយតបភ្លាមៗ ចំពោះការបណ្តេញមន្ត្រីការទូតរុស្ស៊ីពីររូប កាលពីសប្ដាហ៍មុន ជុំវិញការសង្ស័យអំពីចារកម្ម។

សេចក្តីប្រកាសដែលធ្វើឡើងដោយក្រសួងការបរទេសរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយនេះ គឺត្រូវបានធ្វើឡើងក្រោយភ្លាមៗ បន្ទាប់ពីឯកអគ្គរដ្ឋទូតប៊ុលហ្គារី ប្រចាំនៅទីក្រុងមូស្គូ ត្រូវបានកោះអញ្ជើញទៅក្រសួងការបរទេស ក្រោយមួយខែ បន្ទាប់ពីទីក្រុងសូហ្វីយ៉ា បានបណ្ដេញមន្ត្រីការទូតរុស្ស៊ីពីររូប។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Radio Free Europe នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បានហៅការបណ្ដេញមន្ត្រីការទូតរបស់ខ្លួនចេញពីប្រទេសប៊ុលហ្គារីនោះថា ជាទង្វើគ្មានមូលដ្ឋាន។

គួរបញ្ជាក់ថា ប្រទេសប៊ុលហ្គារី មានចំណងមិត្តភាពវប្បធម៌ ប្រវត្តិសាស្ត្រនិងសេដ្ឋកិច្ច យ៉ាងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី ដែលជាដៃគូថាមពលដ៏ចម្បងរបស់ខ្លួន ប៉ុន្តែចំណងមិត្តភាព រវាងទីក្រុងសូហ្វីយ៉ា និងទីក្រុងមូស្គូ បានរងផលប៉ះពាល់ដោយសារតែពាក្យចចាមអារាម ស្តីពីចារកម្មមួយចំនួន ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕

Loading...