ជនជាតិបារាំងម្នាក់ ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ ខណៈអាជ្ញាធរឲ្យអ្នកនៅក្នុងផ្ទះសំណាក់នេះទាំងអស់ ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ

April 21, 2021 69

ភ្នំពេញ ៖ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយម្ចាស់ទីតាំងប្រជុំមិត្ត ផ្ទះសំណាក់ និងបន្ទប់ជួលក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ប្រទះឃើញសាកសពជនជាតិបារាំងម្នាក់ បានស្លាប់រហូតមានក្លិនស្អុយ។

ក្រោយឃើញបែបនេះ ម្ចាស់ផ្ទះបានរាយការណ៍ទៅសមត្ថកិច្ច ខណៈអភិបាលខេត្ត ក៏បានដាក់បទបញ្ជាមិនឲ្យអ្នកដែលនៅក្នុងបរិវេណនេះ ចាក់ចេញឡើយ ត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។

យោងតាមសេចក្តីរាយការណ៍ របស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំ រាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចែកចាយលើបណ្តាញសង្គម នាថ្ងៃទី២០ ខែមេសានេះ បានឲ្យដឹងថា «មានជនជាតិបារាំងម្នាក់ បានស្លាប់នៅក្នុងផ្ទះសំណាក់មួយ រហូតធំក្លិនស្អុយ ទើបម្ចាស់ផ្ទះដឹង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង»។

សេចក្តីរាយការណ៍ដដែលនេះ បានបន្តថា តាមការបញ្ជាក់របស់អ្នកមើលការផ្ទះសំណាក់ បានឲ្យដឹងថា ជនជាតិបារាំងដែលស្លាប់នេះ បានជួលបន្ទប់ស្នាក់ មានរយៈពេលជាង២ឆ្នាំហើយ។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ ចំណែកក្រុមគ្រូពេទ្យបានចុះមកយកសំណាកបន្ទាន់ផងដែរ។

ក្នុងនោះ សមត្ថកិច្ចបញ្ជាក់ថា លោកអភិបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជា គឺមិនអនុញ្ញាតឲ្យអ្នកដែល នៅក្នុងបរិវេណនៃផ្ទះសំណាក់នេះ ចាកចេញឡើយ ត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ចំណែកសាកសព ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យផងដែរ៕

Loading...