ពលរដ្ឋកំពុងតែឆ្ងល់ថា ហេតុអ្វីក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំង ទៅខេត្តពោធិ៍សាត់ អត់សូវដំណើរការសោះចឹង!

May 13, 2021 102

កំពង់ឆ្នាំង-ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋបានលើកឡើងថា ការស្ថាបនាបង្ហាញពីភាពរអាក់រអួល (យឺតបំផុត) គឺចាប់ពីចំណុចខេត្តកំពង់ឆ្នាំង ដល់ធ្លារម្អម ខេត្តពោធិ៍សាត់ និងពីធ្លាមម្អម ដល់ទីរួមខេត្តពោធិ៍សាត់។ ដូច្នេះ ពួកគាត់សំណូមពរឲ្យខាងក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាជួយជំរុញពន្លឿនឲ្យក្រុមហ៊ុនស្ថាបនាសាងសង់នោះ បានដំណើរដូចគេផង ខណៈផ្លូវជាតិលេខ៥នេះ មានកន្លែងផ្សេងក្រុមហ៊ុនដំណើរការជាប្រចាំ មានគ្រឿងចក្រ ឡាន បុគ្គលិកកម្មករ ធ្វើការរាល់ថ្ងៃ។ ខុសអីតែពីខេត្តកំពង់ឆ្នាំង ដល់ខេត្តពោធិ៍សាត់ សឹងតែអត់ដំណើរការ បណ្តាលឲ្យមានគង្ហុក រន្ធបាយខុម សម្បុងមាន់ ធ្វើឲ្យអ្នកបើកបរទាំងម៉ូតូ និងឡានរលាក់, បើអ្នកមានជំងឺ ឬស្ត្រីមានផ្ទៃពោះវិញ គាត់លំបាកក្នុងការធ្វើដំណើរ។

បើតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលួចបង្ហើបថា ចាប់ពីខេត្តកំពង់ឆ្នាំង ដល់ចំណុចធ្លាម្អម ខេត្តពោធិ៍សាត់ គឺក្រុមហ៊ុនហាន់សុីញ ដេញថ្លៃបាន។ ដោយឡែក ពីចំណុចធ្លាម្អម ដល់ទីរួមខេត្តពោធិ៍សាត់ គឺក្រុមហ៊ុន អីលស៊ុង ដេញថ្លៃបាន ហើយការរអាក់រអួលនេះ កន្លងទៅមានហេតុផលខ្លះដែរ ដូចជាកង្វះខាតគ្រឿងចក្រ សម្រាប់បម្រើឲ្យក្រុមហ៊ុនស្ថាបនារបស់ខ្លួន និងរំពឹងលើការ(សាប់) ម៉ៅការបន្តឲ្យក្រុមហ៊ុនតូចៗក្នុងស្រុក តែក្រុមហ៊ុនខ្លះម៉ៅការបន្ត ទទួលបានតម្លៃទាប ក៏មិនអាចធ្វើបាន នេះក៏ជាចំណុចបង្កើតឲ្យរាំងស្ទះយឺតយូរ រអាក់រអួលលើដំណើរការចង្វាក់ការស្ថាបនា។

ករណីមួយទៀត ក្រុមហ៊ុន ហានសុីញ និងក្រុមហ៊ុន អីលស៊ុង មានទម្លាប់ចេញថ្លៃបញ្ចុះតម្លៃទាប នេះជាបញ្ហាមួយលើគុណភាពបច្ចេកទេសផងដែរ។ អ្វីដែលក្រសួងគួរមានវិធានចុះពិនិត្យ ជាក់ស្តែងនៅពេលនេះ ហេតុអីក៏ក្រុមហ៊ុនទាំង២មិនបានដំណើរការ ស្របពេលដែលរដូវទឹកភ្លៀងធ្លាក់ផង ក៏បណ្តាលឲ្យមាន ក្រឡុក ជង្ហុគ ទឹកដក់ ជាបញ្ហាច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់គ្រប់មធ្យោបាយទាំងអស់។ ចំណុចនេះ សង្ស័យអ្នកម៉ៅការបន្តបានរត់ចោលអស់តែម្តង។

មន្ត្រីបានលើកឡើងថា ក្រុមហ៊ុន ហានសុីញ និងក្រុមហ៊ុន អីលស៊ុង អាចមិនមានសិទ្ធិចូលដេញថ្លៃនៅពេលក្រោយទៀតបានឡើយ  បើដំណើរការស្ថាបនារបស់ក្រុមហ៊ុនទាំងនេះ មិនទាន់មានគ្រឿងចក្រឲ្យមានតុល្យភាពទៅនឹងការងារ។ ឮដំណឹងថា ថ្មីៗនេះក្រុមហ៊ុនអីលស៊ុង ដេញថ្លៃបានកំណត់ផ្លូវជាតិ៤៨ នៅខេត្តកោះកុង ក្នុងតម្លៃទាបជាងគេ ជិត១០លានដុល្លារឯណោះ។

ចំពោះក្រុមហ៊ុន​ប(HANSHIN) គេដឹងគ្រប់គ្នាថា ខណៈស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួង បន្ទាប់ពីស្ថាបនាផ្លូវពីក្រុងតាខ្មៅ ទៅព្រំដែនស្រុកកោះធំ ខេត្តកណ្តាល បណ្តាលឲ្យមានបញ្ហាស្រុត ប្រេះ ស្រាំ និងតម្រូវឲ្យធ្វើឡើងវិញ។

បច្ចុប្បន្ន ការស្ថាបនាផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ២ អត់ឃើញដំណើរការឲ្យដូចក្រុមហ៊ុនផ្សេងៗសោះ ធ្វើដោយចន្លោះយឺតយូរ ឬមួយមិនចង់ធ្វើ? ខណៈលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងចុះពិនិត្យជាក់ស្តែង ប្រកបដោយការទទួលខុសត្រូវបំផុតផងនោះ។  ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពយើងមិនអាចធ្វើការទំនាក់ទំនងពីលោក Tae-Youp Roh (Tim តំណាងឲ្យក្រុមហ៊ុន (HANSHIN) នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១បានទេ ដោយទូរស័ព្ទត្រូវបានបិទ។ ដោយឡែក ខាងក្រុមហ៊ុន អ៊ីលស៊ុង គ្មានលេខទូរស័ព្ទទាក់ទង។

សូមបញ្ជាក់ថា កន្លងទៅលោកអគ្គនាយកផ្លូវថ្នល់ ច្រើនលើកហេតុផលថា ក្រុមហ៊ុនមិនសូវដំណើរការ ដោយសារស្ថានភាពរដូវភ្លៀងធ្លាក់។ ដោយឡែក លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងទៅ បានប្រាប់អង្គភាពសារព័ត៌មានក្នុងស្រុក តាមទូរស័ព្ទថា តាមពិតខាងក្រុមហ៊ុនគេធ្វើរាល់ថ្ងៃតើ ហេតុអីថាគេមិនធ្វើ។

ទោះជាមានបកស្រាយបែបនេះក៏ដោយ ក៏អង្គភាពយើងព្យាយាមផ្តិតរូបភាពជាក់ស្តែង ចំពោះក្រុមហ៊ុនមិនបានធ្វើការស្ថាបនា ពីខេត្តកំពង់ឆ្នាំង ដល់ខេត្តពោធិ៍សាត់ ផ្ញើជូនគាត់ ដើម្បីបានទទួលព័ត៌មានខ្លះៗ អាចជំរុញឲ្យក្រុមហ៊ុនទាំងនោះដំណើរបានលឿន ស្របតាមគោលការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕

Loading...