លោកស្រីអធិការបតីអាល្លឺម៉ង់៖ ថ្នាក់ដឹកនាំណាតូ នឹងពិភាក្សាគ្នាពីព័ត៌មានមិនពិតរបស់រុស្ស៊ី និងបញ្ហាប្រទេសចិន

June 15, 2021 72

ប៊ែឡាំង ៖ លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ បានមានប្រសាសន៍នៅថ្ងៃចន្ទថា មេដឹកនាំនៃប្រទេសសមាជិកណាតូ នឹងពិភាក្សាគ្នាពីប្រធានបទនានា ដែលរួមមានទាំងភាពលំបាកបង្កឡើងដោយរុស្ស៊ី និងចិន នៅជំនួបកំពូលក្នុងទីក្រុងព្រួចសែល បង្ហាញពីតម្រូវការចាំបាច់ ដើម្បីឆ្លើយតបចំពោះយុទ្ធនាការ ព័ត៌មានមិនពិតរបស់រុស្ស៊ី។

នៅពេលធ្វើដំណើរទៅដល់ជំនួបកំពូល លោកស្រី Angela Merkel បានមានថ្លែងថា មេដឹកនាំនានា ក៏នឹងពិភាក្សាគ្នាពីវិធីដែលពួកគេអាច ធ្វើការងារជាមួយហ្សកហ្ស៊ី និងអ៊ុយក្រែន ដែលប្រទេសទាំងពីរនេះ កំពុងស្វះស្វែងរកចំណង មិត្តភាពកាន់តែជិតស្និទ្ធឡើង ជាមួយណាតូ ជាកម្លាំងទប់ទល់នឹងការគម្រាមកំហែងពីរុស្ស៊ី។

លោកស្រីអធិការបតីអាល្លឺម៉ង់រូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “បញ្ហានានានៅលើរបៀបវារៈនៅក្នុងថ្ងៃនេះ ពាក់ព័ន្ធនឹងយើងទាំងអស់គ្នា ជាដំបូងបំផុតនោះ ភាពលំបាកដែលយើងកំពុងប្រឈមមុខ គឺប្រទេសរុស្ស៊ី ប៉ុន្តែក៏រួមទំាងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមួយប្រទេសចិន ក្នុងដំណើរបង្កើនវិធានការ”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រីបានបន្ថែមទៀតថា “បញ្ហាប្រឈមចំនួនពីរ កំពុងតែក្លាយជាសំខាន់ខ្លំាងឡើង គឺការវាយប្រហារតាមអ៊ីនធឺណេត និងជាពិសេសគឺពាក់ព័ន្ធជាមួយរុស្ស៊ី គឺការផ្សព្វផ្សាយព័ត៌មានមិនពិត”៕

Loading...