រៀបកញ្ចក់ដាក់លើម៉ូតូរ៉ឺម៉កដឹកឱ្យម៉ូយ ស្រាប់តែរលំដួលត្រូវម៉ូតូកំពុងបើកបរតាមផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

August 02, 2021 66

ភ្នំពេញ ៖ ទីតាំងសិប្បកម្មកាត់កញ្ចក់មួយកន្លែង បានរៀបកញ្ចក់ដាក់លើម៉ូតូរ៉ឺម៉ក ដើម្បីដឹកទៅឱ្យម៉ូយ ស្រាប់តែដួលរលំទៅត្រូវម៉ូតូមួយគ្រឿងដែលកំពុងតែបើកបរតាមផ្លូវ បណ្ដាលឱ្យយុវជនម្នាក់ រងរបួសស្រាល ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៤៖៣០នាទីល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញកម្មករក្នុងទីតាំងសិប្បកម្មកាត់កញ្ចក់មួយកន្លែង កំពុងតែនាំគ្នារៀបកញ្ចក់ដាក់ទៅលើម៉ូតូសណ្ដោងរ៉ឺម៉ក ខណៈដែលកម្មករបាននាំគ្នាចូលទៅខាងក្នុង ដោយពុំមានអ្នកណាម្នាក់នៅទុបកញ្ចក់នៅលើម៉តូរ៉ឺម៉កនោះ ស្រាប់តែកញ្ចក់ដួលរលំត្រូវម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HW-6334 ដែលបើកបរដោយយុវជនម្នាក់ ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យរងរបួសស្រាល ខណៈម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែកកញ្ចក់បែករាយប៉ាយពេញផ្លូវ ក្រោយមកក៏មានការប្រកែកគ្នាយកត្រូវយកខុសរៀងខ្លួន ដោយភាគីខាងសិប្បកម្មកាត់កញ្ចក់ ប្រាប់ថាម៉ូតូជាអ្នកបុកម៉ូតូរ៉ឺម៉ករបស់គាត់ ចំណែកភាគីខាងម៉ូតូ ប្រាប់ថាមិនបានបុកនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ ដោយ៖ និន សុភ័ស្ត

Loading...