ក្រុមហ៊ុន Amazon ជាប់កំណត់ត្រារងការផាកពិន័យនូវទឹកប្រាក់ច្រើនបំផុតពី EU ពីបទបំពានបទប្បញ្ញត្តិការពារទិន្នន័យ

August 02, 2021 82

អាមេរិក ៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិក Amazon ទើបតែប្រកាសបង្ហាញរបាយការណ៍ប្រាក់ចំណូលនៅត្រីមាសទី២ ឆ្នាំ២០២១ ដោយទទួលបានទាបជាងការរំពឹងទុក ហើយនៅពេលនេះវិញបានជួបនឹងបញ្ហាមួយទៀតគឺត្រូវបានសហភាពអឺរ៉ុប (EU) ពិន័យជា ប្រាក់ ដ៏ច្រើនសន្ធឹកដែលមិនធ្លាប់មានចំពោះ Amazon។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Amazon បានរំលោភបំពានលើបទប្បញ្ញត្តិការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប ដោយពិន័យជាប្រាក់ ៧៤៦លានអឺរ៉ូ ប្រហែលនឹង ៨៨៨លាន ដុល្លារអាមេរិក។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ EU បានប្រកាសថា ខ្លួនមានជំនឿថា អាជីវកម្មលក់រាយរបស់ក្រុមហ៊ុន Amazon បានប្រើប្រាស់ទិន្នន័យមិន ពិតប្រាកដក្នុងការប្រកួតប្រជែងជាមួយនឹង អ្នកលក់ផ្សេងទៀតនៅក្នុងប្រទេសបារាំង និងអាល្លឺម៉ង់ ហើយកាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅនេះ EU បានសម្រេចជាផ្លូវការថា ក្រុមហ៊ុន Amazon ពិតជាបានល្មើស ឬរំលោភបំពានច្បាប់របស់ EU ពិតមែន។

ពាក់ព័ន្ធនឹងករណីផាកពិន័យនេះ មិនត្រូវបាន EU បញ្ជាក់លម្អិតឡើយ គ្រាន់តែប្រកាសឱ្យដឹងថា Amazon បានល្មើសទៅនឹងច្បាប់របស់ EU ច្រើនករណី ហើយការផាកពិន័យនេះត្រូវបានគេដឹងថា ស្មើនឹង ៤ភាគរយនៃប្រាក់ចំណូលរបស់ Amazon ដែលទទួលបាន កាលពីឆ្នាំ ២០២០ ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Google និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកមួយចំនួនទៀតត្រូវបានរងការផាកពិន័យពី EU ផងដែរ ពាក់ព័ន្ធនឹងការបំពានច្បាប់ ជាពិសេសគឺច្បាប់ប្រកួតប្រជែង និងការប្រើប្រាស់ឥទ្ធិពលដើម្បីទាញយកផលប្រយោជន៍ពីទីផ្សារ EU៕

Loading...