ប្រជាជនវៀតណាម សម្រុកចេញពីទីក្រុងហូជីមិញជាបន្តបន្ទាប់ ក្រោយបាត់បង់ការងារធ្វើដោយសារកូវីដ១៩

August 02, 2021 122

ហាណូយ ៖ បើតាមការដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន Vietnam Plus នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រជាជនវៀតណាមរាប់ពាន់នាក់ ក្នុងនោះភាគច្រើនជាពលករ បាននាំគ្នាសម្រុកចាកចេញពីក្រុងហូជីមិញ ហើយខ្លះទៀតមានផែនការចាកចេញ ពីទីក្រុងមួយនេះជាបន្តបន្ទាប់ ដោយសារតែជីវភាពរបស់ពួកគេដុនដាបជាខ្លាំង ដោយសារតែការឆ្លងរាតត្បាត COVID-19។

ប្រជាជនវៀតណាមបានសម្រុកចេញពីទីក្រុងហូជីមិញ បន្ទាប់ពីវិធានការបិទខ្ទប់អស់សុពលភាព កាលពីថ្ងៃអាទិត្យ ទី០១ ខែសីហា។ ពួកបានធ្វើដំណើរ តាមយានជំនិះផ្ទាល់ខ្លួន ដូចជាម៉ូតូដោយអ្នកខ្លះត្រូវជិះក្នុងចម្ងាយផ្លូវជាង ១,០០០គីឡូម៉ែត្រ ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ក្រោយបាត់បង់ការងារធ្វើ ដោយសារតែការឆ្លងរាតត្បាត COVID-19 ដែលបង្ខំឱ្យអាជ្ញាធរដាក់ចេញវិធានការបិទខ្ទប់, គម្លាតសុវត្ថិភាពយ៉ាងតឹងរ៉ឹង រហូតដល់អាជីកម្មជាច្រើនត្រូវបិទទ្វារ។

ឆ្លើយតបទៅនឹងបញ្ហានេះដែរ រដ្ឋាភិបាលវៀតណាមបានសម្រេចចិត្ត បន្តបិទខ្ទប់តំបន់ភាគខាងត្បូងចំនួន ១៩ ក្នុងនោះរួមមានទាំងទីក្រុងហូជិមីញ រយៈពេល ០២សប្ដាហ៍បន្ថែមទៀត ហើយនៅក្រោមវិធានការនេះ ប្រជាជនត្រូវបានបង្គាប់ឱ្យសិ្ថតនៅក្នុងផ្ទះ, មិនអាចចាកចេញពីទីតាំងរស់នៅរបស់ខ្លួនឡើយ លើកលែងតែមានករណីចាំបាច់ ដែលអនុញ្ញាតដោយអាជ្ញាធរតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៥៤,៣៦០នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៤៣,១៥៧នាក់ ខណៈចំនួនអ្នកស្លាប់នៅតែរក្សាត្រឹម ១,៣០៦នាក់ដដែល ដោយមិនមានទិន្នន័យថ្មីឡើយ៕

Loading...