មន្ត្រីនគរបាលវរព្រំដែនទឹកម្នាក់ ចាក់ដីរំលោភដីចំណីព្រែកក្បែរគល់ស្ពានដែក នៅឃុំអង្កោល ដោយមិនញញើតច្បាប់បន្តិចសោះឡើយ!

August 02, 2021 116

កែប ៖ អាជ្ញាធរស្រុកដំណាក់ចង្អើរ និងកម្លាំងសមត្ថកិច្ច នៃស្នងការដ្នាននគរបាលខេត្តកែប កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ បានចុះមកពិនិត្យទីតាំងចាក់ដីមួយកន្លែង ដែលជាករណីលួចធ្វើបន្លំភ្នែកមហាជនពីសំណាក់លោក ស៊ូ ចាយ មន្ត្រីនគរបាលវរព្រំដែនជើងទឹកលេខ៤៣០ ប្រចាំខេត្តកែប។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរស្រុកដំណាក់ចង្អើរ បានហាមឃាត់ម្ចាស់ដីបំពានច្បាប់ខាងលើ តែពេលនោះម្ចាស់ដីឈ្មោះ ស៊ូ ចាយ បានដើរគេចមុខពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពីកន្លែងកើតហេតុ ដោយលោកនិយាយតែតាមទូរស័ព្ទបញ្ជាក់ថា ចាក់ដីនេះ គឺជាដីរបស់ម្តាយគាត់ទេ ដែលជាអ្នកចាក់។ ក៏ប៉ុន្តែ ការដោះសាររបស់លោក ស៊ូ ចាយ យ៉ាងណាក៏ដោយ ក៏គេដឹងថា ការចាក់រំលោភចូលព្រែក និងពង្រីកចាប់ពីគល់ស្ពានដែករតាមបណ្ដោយព្រែកទៅទិសខាងជើងប្រវែង៥០០ម៉ែត្រខាងលើ គឺជាដីរបស់លោក ស៊ូ ចាយ មន្ត្រីនគរបាលវរព្រំដែនជើងទឹកលេខ៤៣០ ប្រចាំខេត្តកែបខាងលើនេះតែម្តង។

យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីត្រី ង៉ែត ទូច ស្នងការរង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានគណៈកម្មការបង្កាបង្រាបបទល្មើសធនធានធម្មជាតិខេត្តកែប បានឲ្យដឹងថា គម្រោងចាក់ដីខាងលើនេះ គឺជារបស់លោក ស៊ូ ចាយ ពិតប្រាកដ ហើយលោក ស៊ូ ចាយ បានលួចពង្រីកអាចម៌ដីលយចូលមាត់ព្រែកខាងលើនេះ វាធ្វើឲ្យបាត់បង់ដីសាធារណៈរបស់រដ្ឋ និងជីវចម្រុះផ្សេងៗទៀត ជាពិសេស ព្រៃលិចទឹកជាប់ដៃព្រែកខាងលើ រងនៅវិនាសកម្ម បន្ទាប់ពីលោក ស៊ូ ចាយ បានលើកទំនប់ទប់ទឹកប្រៃមិនឲ្យចូល។

លោកឧត្តមសេនីត្រី បានបន្តថា ការចាក់ដីព្រែកនេះ មិនត្រឹមតែបាត់បង់ធនធានធម្មជាតិតែមួយមុខប៉ណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ផ្លូវទឹកប្រៃ ដែលជាប្រភពមួយជួយសម្រួលដល់ព្រៃលិចទៀតផ្សេងទៀតឲ្យមានជីវិត។

ចំពោះករណីការចាក់ដីមួយផ្នែក របស់ក្រុមការងារសាធារណៈការ គឺជាការចាក់សម្រាប់ផ្លូវធ្វើដំណើរសាងសង់ស្ពានបេតុងតែប៉ុណ្ណោះ បើទោះបីខាងសាធារណៈការសាងសង់ស្ពានហើយក៏ដោយ លោកថា ក៏គេនិងកាយដីនោះចេញវិញ។

ដោយឡែកតែលោក ស៊ូ ចាយទេ ដែលចាក់ដីរំលោភយកដីរដ្ឋក្បែរនោះ គឺលេះមួយលួចធ្វើបន្លំបំភាន់ភ្នែកមហាជន។ (ដូចពាក្យមួយឃាថា កន្ទេលធំ បន្លំដេក)។

លោកស្នងការរង បានបញ្ជាក់បន្តថា ករណីដូចនេះ លោកត្រូវតែមកហាមឃាត់ជាបន្ទាន់ទើបប្រសើរ ប្រសិនបើទុកយូរអាចអង្ករក្លាយជាបាយជាក់ជាមិនខាន។

ក្នុងកិច្ចប្រតិបន្តការទប់ស្កាត់ខាងលើដែរ លោក ឆាង ឆៃ អភិបាលរងស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា អ្នកចាក់ដីមានគម្រោងពង្រីកតាមបណ្ដោយមាត់ព្រែកខាងលើ លោកថា គម្រោងេបស់លោក ស៊ូ ចាយ ខាងលើនេះ គឺមិនមានច្បាប់អនុញ្ញាតិនោះទេ។ លោកបានអះអាងថា លោកតម្រូវឲ្យម្ចាស់ដីខាងលើ ត្រូវតែកាយអាចម៌ចេញវិញ ដោយឥតលក្ខខ័ណ្ឌ។ បើម្ចាស់មិនកាយអាចម៌ដីចេញពីមាត់ព្រែកនោះទេ លោកថា ម្ចាស់ទីតាំងខាងលើ ត្រូវតែប្រឈមមុខផ្លូវច្បាប់ជាក់ជាមិនខាន។

គួររំលឹកផងដែរថា ករណីបំពានដីរដ្ឋជាច្រើនកន្លែង គេសង្កេតឃើញថា ក្នុងភូមិសាស្ត្រខេត្តកែបបច្ចុប្បន្ននេះ មានគេលួចចាក់ដីជាច្រើនកន្លែង ហើយករណីបំពានច្បាប់ខាងលើ ភាគច្រើនតែងតែឃុមឃិតគ្នាជាប្រព័ន្ធ ជាពិសេសមន្ត្រីជំនាញ មិនមានភាពទទួលខុសត្រូវ លើការងាររបស់ខ្លួន បណ្តែតបណ្តោយឲ្យជនឆ្លៀតឱកាសនិយមធ្វើស្រេចតែអំពើចិត្ត គឺដីទាំងនោះសុទ្ធសិងជាដីព្រៃលិចទឹកជីវចម្រុះដែនអភិរក្សជលផលជាដើម ដីព្រៃលិចទឹកដែនអភិរក្សជលផលនៅចំណុចភូមិទួលស្រង៉ាំ ក្នុងឃុំអង្កោល បច្ចុប្បន្នកំពង់មានគេលួចដាំដូងរាប់ពាន់ដើម តើមន្រីជំនាញមានវិធានការបែបណា។

ពាក់ព័ន្ធនិងករណីខាងលើនេះ​ អង្គភាព CSN Daily បានទូរស័ព្ទទៅលោក ស៊ូ ចាយ ជាមន្ត្រីនគរបាលវរព្រំដែនជើងទឹកលេខ៤៣០ប្រចាំខេត្តកែប ដើម្បីសុំការបំភ្លឺនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ តែលោកឆ្លើយថា លោកមិនមែនឈ្មោះ ស៊ូ ចាយ ទេ តែលោកសួមកថា តើមានការអីដែរ? ក្រោយមកអង្គភាពយើងក៏បានប្រាប់ទៅលោកថា កាលពីម្សិលមិញខាងមន្ត្រីជំនាញបានចុះទៅត្រួតពិនិត្យ និងធ្វើកំណត់ហេតុនៅលើទីតាំងដីដែលចាក់រំលោភដៃព្រែកក្បែគល់ស្ពានដែក ស្ថិតក្នុងឃុំអង្កោលនោះ។ លោកបានឆ្លើយថា កន្លែងដែលចាក់ដីរំលោភយកដៃព្រែកនោះ មិនមែនជារបស់គាត់នោះទេ ហើយក្នុងលិខិតនោះចេះតែដាក់ រួចក៏ចុចបិតទូរស័ព្ទទៅ៕ ដោយ៖ តុង សីហា

Loading...