បាត់ខ្លួនជាង៥ខែ ឥឡូវមានតម្រុយហើយ សមត្ថកិច្ចកំពុងស្វែងរកភស្តុតាងបន្ថែម ដើម្បីចាប់ជនសង្ស័យ

September 25, 2021 105

ពោធិ៍សាត់ ៖ បុរសជាមេគ្រួសារម្នាក់ បានបាត់ខ្លួនតាំងពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ស្ត្រីជាភរិយាបានទទួលតម្រុយខ្លះ ប៉ុន្តែសមត្ថកិច្ចមិនអាចចាប់ជនសង្ស័យយកមកផ្តន្ទាទោសបានទេ ដោយសំអាងថា មិនមានភស្តុតាងគ្រប់គ្រាន់។ អ្នកភូមិបានត្រឹមសោកស្ដាយព្រោះបុរសដែលបាត់ខ្លួន គឺជាមនុស្សស្លូតត្រង់នឹងជាទីរាប់អានរបស់អ្នកភូមិគ្រប់គ្នា។

ស្ត្រីជាភរិយាឈ្មោះ ជូរ សោភា អាយុ៣២ឆ្នាំ រស់នៅតំបន់ដូននាគ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង បានឲ្យដឹងថា ប្ដីរបស់ខ្លួនឈ្មោះ ហ៊ី ចាន់វុទ្ធី អាយុ ៣៨ឆ្នាំ បានបាត់ខ្លួននៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅគ្រាដែលចេញទៅឆ្លុះកង្កែបពេលយប់។ នៅពេលបាត់ខ្លួននោះ អ្នកភូមិបានព្យាយាមជួយស្វែងរកគ្រប់ទីកន្លែង ប៉ុន្តែមិនឃើញជនរងគ្រោះនោះឡើយ។ ការស្វែងរកខ្លួនជួយរកជនគ្រោះបានអូសបន្លាយពេលប្រហែលកន្លះខែ នៅតែមិនអាចរកឃើញស្រមោលដានជនរងគ្រោះនោះឡើយ។

ស្ត្រីជាភរិយាបានអះអាងថា ស្រាប់តែនៅថ្ងៃទី១៤ ខែកញ្ញា បុរសម្នាក់ឈ្មោះ សង្ហា ដែលប្រកបរបររកស៊ីអារឈើនឹងរស់នៅក្បែរផ្ទះរបស់ខ្លួន បានមកសុំប្រាក់ដើម្បីធ្វើសោហ៊ុយទៅស្រុកកំណើតនៅឯខេត្តកណ្ដាលជាថ្នូរនឹងការប្រាប់អំពីការបាត់ខ្លួនប្ដីរបស់គាត់។ ស្ត្រីជាភរិយាបានរាយការណ៍អំពីព័ត៌មានដែលទទួលបានពីបុរសឈ្មោះសង្ហានោះឱ្យនគរបាលស្រុកវាលវែងបានដឹង។

នគរបាលស្រុកវាលវែងបានហៅបុរសបីនាក់ផ្សេងទៀតក្រៅពីបុរសឈ្មោះសង្ហារមកសួរនាំប៉ុន្តែមិនអាចមានភស្តុតាងមកបញ្ជាក់ករណីឃាតកម្មទៅលើបុរសឈ្មោះចាន់វុទ្ធីនោះបានឡើយ។ តាមរយៈឈ្មោះសង្ហា សមត្ថកិច្ច បានរកឃើញគំនរផេះដែលគេសង្ស័យថាបានដុតជាយូរខែមកហើយនៅចម្ងាយប្រហែលពីរគីឡូម៉ែត្រខាងត្បូងផ្ទះជនរងគ្រោះ។ នៅក្នុងគំនរផេះនោះគេរកឃើញកម្ទេចឆ្អឹងដែលសង្ស័យថាជាឆ្អឹងលលាដ៏ក្បាលនិងធ្មេញមួយគ្រាប់ផងដែរ។

អធិការនគរបាលស្រុកវាលវែងអះអាងថា ពិតជាមានករណីបាត់ខ្លួនបុរសម្នាក់នៅភូមិស្ទឹងថ្មីនោះមែននឹងបានឃាត់ខ្លួនបុរសទាំងអស់៤នាក់ ដើម្បីសួរនាំពាក់ព័ន្ធនឹងករណីខាងលើនេះ ។ ប៉ុន្តែពួកគេត្រូវបានដោះលែងឲ្យត្រឡប់ទៅវិញព្រោះមិនមានភស្តុតាងជាក់លាក់។ លោកអធិការបានបន្ថែមថាយ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងរកភស្តុតាងបន្ថែម។

ស្ត្រីជាភរិយាគឺនាងជូ សោភា បារម្ភថា សមត្ថកិច្ចអាចនឹងមិនខ្វល់ចំពោះរឿងនេះ ព្រោះវាមិនមានផលប្រយោជន៍។ នាងទទូចឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយស្រាវជ្រាវឲ្យបានម៉ត់ចត់ ដើម្បីស្វែងរកឃាតករពិតជូនជនរងគ្រោះ និងក្រុមគ្រួសារ៕

Loading...