សម្តេចតេជោ៖ មន្ត្រីរាជការ កម្មករនិយោជិត នៅតែទទួលការឈប់សម្រាក៣ថ្ងៃ និងអាចដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

September 25, 2021 65

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងបញ្ជាក់ថា ក្នុងឱកាសឈប់សម្រាក៣ថ្ងៃ មាននៅក្នុងអនុក្រឹត្យ ស្តីពីការឈប់សម្រាក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី៥, ៦ និង៧ ខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ កម្មការិនី និងបុគ្គលិកក្រុមហ៊ុន បានឈប់សម្រាកដូចធម្មតា បើទោះបីរាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌក្តី។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈសារសម្លេងពិសេសមួយ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ ក្នុងឱកាសថ្ងៃឈប់សម្រាក៣ថ្ងៃខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ក៏អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដើរកម្សាន្ត ទៅតាមរមណីយដ្ឋាននានា ពិសេសនៅតាមរមណីដ្ឋានធម្មជាតិ ប៉ុន្តែត្រូវគោរពនូវវិធានសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមិនហាមឃាត់ការឈប់សម្រាក៣ថ្ងៃ របស់មន្ត្រីរាជការ ក៏ដូចជាកម្មករ កម្មការិនី បុគ្គលិកនៅតាមក្រុមហ៊ុន ដែលត្រូវទទួលបានការអនុញ្ញាត ឲ្យឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍នោះទេ។ បងប្អូនអាចធ្វើដំណើរដើរលេងកម្សាន្ត ទៅតាមទីកន្លែងនានា ដោយមានវិធានការសុខាភិបាលទៅជាមួយ នោះក៏ជាវិធីមួយដើម្បីបើកឱកាស ឲ្យបងប្អូនបានសម្រាក នៅក្នុងរយៈកាលនៃបុណ្យភ្ជុំបិណ្ឌនេះ»។

ជាមួយគ្នានេះ ក្នុងឱកាសនៃថ្ងៃឈប់សម្រាកនៃបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី៥, ៦ និងទី៧ ខែតុលា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានការរៀបចំដោយសហគមន៍ទេសចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋបានស្គាល់ នៅទីតាំងទេសចរណ៍ធម្មជាតិរបស់កម្ពុជា។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅរយៈពេល៣សប្តាហ៍ចុងក្រោយនេះ សន្ទុះនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានការកម្រើកឡើងវិញ ពិសេសនៅតាមតំបន់ឆ្នេរ និងរមណីយដ្ឋានអេកូទេសចរណ៍ (ទេសចរណ៍ធម្មជាតិ)។ តួលេខកត់ត្រាដោយក្រសួងទេសចរណ៍បានឲ្យដឹងថា នៅរយៈពេល៣សប្តាហ៍នៃខែកញ្ញានេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ១៩៣, ៤៧៨នាក់ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុង ៣០៧៨នាក់៕

Loading...