រថយន្ត RANGE ROVER បោលបុកក្បាលនាគពុះចែកផ្លូវ ខ្ទាតទៅប៉ះនិងម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួស សង២០០ដុល្លារបញ្ចប់រឿង

October 14, 2021 54

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក RANGE ROVER ក្នុងល្បឿនលឿន និងសង្ស័យស្រវឹងស្រា ក៏រេចង្កូតបុកក្បាលនាគពុះចែកផ្លូវ បណ្ដាលឲ្យក្បាលនាគខ្ទាតទៅប៉ះនិងម៉ូតូហុងឌ្រីមមួយគ្រឿង ដែលជិះដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា រងរបួសស្រាល នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ទល់មុខរោងចក្រអគ្គិសនីទី២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ វ័យប្រហែលជាង៣០ឆ្នាំ បើករថយន្តស៊េរីទំនើប ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-9998 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយសង្ស័យថា អ្នកបើកបរស្រវឹង ក៏រេចង្កូតជ្រុលទៅបុកនិងក្បាលនាគពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យក្បាលនាគពុះចែកផ្លូវ ខ្ទាតទៅចំនីផ្លូវម្ខាងទៀត ប៉ះនិងម៉ូតូហុងឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-9841 ជិះដោយបុរសម្នាក់ ក្នុងទិសពីជើងទៅត្បូង បណ្តាលឲ្យដួលរងរបួសរលាត់ដៃជើង រីឯម៉ូតូរងការខូចខាតវៀចជំពាស់បែកក្បាំងចំហៀងខាងឆ្វេង។

ចំពោះរថយន្តបង្កវិញ រងការខូចខាតផែ្នកខាងមុខ ចំហៀងខាងឆ្វេង និងបាក់កង់ទៅមុខលែងរួច ហើយអ្នកបើកបររថយន្ត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

ក្នុងករណីនេះដែរ ក៏មានតំណាងខាងរថយន្ត បានចេញមុខមកសម្របសម្រួលគ្នា ជាមួយនិងខាងម៉ូតូ ដោយជួយចេញថ្លៃការជួសជុលនិងព្យាបាលរបួស ចំនួន២០០ដុល្លារ បញ្ចប់រឿង១វគ្គ។

ក្រោយពេលកើតហេតុ ដោយសារតែប៉ះពាល់ទ្រូងផ្លូវជាសម្បត្តិរដ្ឋ មិនអាចដោះស្រាយនៅកន្លែងបានភ្លាមៗ រថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះតាមនីតិវិធី៕

Loading...