អ្នកមានបុណ្យ FC Barcelona បំបាក់ អធិរាជស Real Madrid ៥-១ ក្នុងជំនួប El-Clasico

October 29, 2018 662

បាល់ទាត់ ៖ កីឡាករខ្សែប្រយុទ្ធ Luis Suarez ស៊ុតហែតទ្រីកជួយឲ្យក្លិប FC Barcelona រកបាន ៣ពិន្ទុ ក្រោយបំបាក់គូប្រជែង Real Madrid ក្នុងលទ្ធផល ៥-១ ក្នុងជំនួប El-Clasico នៃក្របខ័ណ្ឌ La Liga ធ្វើឡើងនៅកីឡដ្ឋាន Camp Nou ជើងទី១ នារាត្រីថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨។

៥គ្រាប់របស់ក្លិបអ្នកមានបុណ្យ FC Barcelona រកបានដោយកីឡាករ Philippe Coutinho នៅនាទីទី១១ មុនពេលមិត្តរួមក្រុមមកពីតំបន់អាមេរិកឡាទីនដូចគ្នា Luis Suarez រកបាន៣គ្រាប់ម្នាក់ឯង នៅនាទីទី៣០, ៧៥ និងនាទីទី៨៣ និងចុងក្រោយកីឡាករ Arturo Vidal នៅនាទីទី៨៧ ខណៈកីឡាករខ្សែការពារ Marcelo រកបានតែ ១គ្រាប់ប៉ុណ្ណោះឲ្យ Real Madrid នៅនាទីទី៥០។

ចប់ការប្រកួតប្រធានក្រុម Real Madrid កីឡាករខ្សែការពារ Sergio Ramos បាននិយាយថា កីឡាកររបស់ក្លឹបមិនមានសិទ្ធិសម្រេចថា លោក Julen Lopetegui គួរនៅបន្តទៀត ឬគួរចាកចេញនោះទេ ប៉ុន្តែពួកគេនៅតែឈរខាងអ្នកចាត់ការរូបនេះដល់ទីបំផុត។ Ramos និងក្រុមរបស់គេនៅតែគាំទ្រលោក Lopetegui ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ អាចនឹងត្រូវដកចេញពីតួនាទីនៅថ្ងៃចន្ទនេះតែម្ដង។

គិតមកទល់នឹងពេលនេះ Real Madrid ចាញ់ ៤ប្រកួត ក្នុងចំណោម៧ប្រកួត ហើយកំពុងឈរនៅលេខរៀងទី៩ ក្នុងតារាងបណ្តោះអាសន្ន ដោយមាន ១៤ពិន្ទុ ចាញ់ក្រុមការពារតំណែងជើងឯក FC Barcelona ដែលឈរនៅកំពូលតារាងរហូតដល់ ៧ពិន្ទុ៕

Loading...