AFC U23៖ កម្ពុជា អាចយក ៣ពិន្ទុ ពី អូស្ដ្រាលី បាន ទេ យប់នេះ?

March 22, 2019 499

ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា នឹងបើកការប្រកួតជម្រុះពូល H នៃពានរង្វាន់ AFC U23 Championship 2020 ជាមួយក្រុមជម្រើសជាតិ U23 អូស្ដ្រាលី នាវេលាម៉ោង៨យប់នេះ នៅពហុកីឡដ្ឋានជាតិ ។ ចាំមើលតើក្រុមគោព្រៃជំទង់កម្ពុជា អាចដណ្ដើម ៣ពិន្ ទុពីពីក្រុមរហស្សនាមកង់ហ្គូរូនេះបានឬទេ?

នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ត្រូវការឈ្នះរៀងៗខ្លួន ក្នុងប្រកួតដំបូង ។ ប៉ុន្ដែគ្រូបង្វឹកក្រុម U23 អូស្ដ្រាលីលោក Graham Arnold ហាក់គ្មានក្ដីបារម្ភនោះឡើយ ទោះបីអូស្ដ្រាលី ត្រូវជួបក្រុមម្ចាស់ផ្ទះក៏ដោយ ។ លោកនិយាយថា លោកគោរពចំពោះក្រុមម្ចាស់ផ្ទះជានិច្ច តែលោកមានជំនឿចិត្តខ្ពស់លើកូនក្រុម ក្នុងការដណ្ដើមជ័យជម្នះ និងឡើងទៅវគ្គបន្ដ។

ដោយឡែកលោក Felix Dalmas គ្រូបង្វឹកក្រុម U23 កម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញដែរថា លោករីករាយ ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយលោកក៏សប្បាយចិត្ត សម្រាប់ការប្រកួតជាមួយក្រុមល្អៗ ដូចជាអូស្ដ្រាលី និងកូរ៉េខាងត្បូងនេះដែរ ព្រោះវាគឺជាឱកាសដ៏ល្អសម្រាប់ក្រុមក្នុងការបញ្ចេញសមត្ថភាព និងជំរុញការប្រកួតប្រជែងពួកគេកាន់តែមានកម្រិតខ្ពស់បន្ថែមទៀត។

ប៉ុន្ដែតួសំខាន់ម្នាក់ទៀត ដែលមហាជនកំពុងចាប់អារម្មណ៍ ក្នុងជំនួបរវាក្រុមទាំងពីរយប់នេះ គឺលោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា ។ លោក Honda នឹងមានវត្តមានក្នុងការប្រកួតនេះ ស្របពេលលោកក៏ជាសមាជិករបស់ក្លឹប Melbourne Victory នៃលីគកំពូលអូស្ដ្រាលីដែរ ។ ហេតុនេះគេរំពឹងថា លោក Honda នឹងមានអ្វីប្លែក ដើម្បីជំរុញក្រុមគោព្រៃជំទង់កម្ពុជា ទទួលបានលទ្ធផលល្អយប់នេះ។

គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែមីនានេះ គឺជាការចាប់ផ្ដើមយុទ្ធនាការប្រកួតជម្រុះតាមពូល នៃពាន AFC U23 Championship 2020 ក្នុងនោះកម្ពុជា ក៏ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះនេះ ១ពូលដែរ គឺពូល H ដោយមាន ៤ក្រុមចូលរួម គឺម្ចាស់ផ្ទះកម្ពុជា អូស្ដ្រាលី កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ ហើយល្ងាចនេះ មុនឈានដល់ការប្រកួតរវាងកម្ពុជា និងក្រុម U23 អូស្ដ្រាលី ក្រុមយុវជន U23 កូរ៉េខាងត្បូង ក៏ត្រូវស្វាគមន៍ក្រុមឆាយនីសតៃប៉ិ ដើម្បីប្រជែង ៣ពិន្ទុដំបូងផងដែរ៕

Loading...