ម្ចាស់ក្លិប Newcastle ប្រកាសលក់ក្លិបក្នុងតម្លៃប្រមាណជាង៤០០លានដុល្លារ

May 28, 2019 507

បាល់ទាត់ ៖ ប្រភពជិតស្និទ្ធនឹងក្លឹបបាល់ទាត់ Newcastle United បានរាយការណ៍ថា លោក Mike Ashley ម្ចាស់ក្លឹបនេះបាន ដាក់លក់ក្លឹបដែលមានរហស្សនាម «សារិកាព្រៃ» មួយនេះក្នុងតម្លៃប្រមាណ ៣៥០លានផោន ស្មើនឹង ៤៤៣លានដុល្លារនាពេលថ្មីៗនេះ។

យោងតាមសារព័ត៌មាន BBC បានចេញផ្សាយថា បច្ចុប្បន្នលោក Mike Ashley បានកំពុងចរចាលក់ក្លឹប Newcastle United ទៅមហាសេដ្ឋអារ៉ាប់ Kehikh Skaled bin Zayed Al Nahyan ដែលជាសាច់សាលោហិតជាមួយនឹងម្ចាស់ក្លឹប Manchester City ផងដែរ បន្ទាប់ពីរូបលោក (Skeikh Khaled) ទទួលបរាជ័យក្នុងការទិញក្លឹប Liverpool កាលពីឆ្នាំ ទៅដែលមានតម្លៃ ២ពាន់លានផោនផងនោះ។

ភ្លាមៗនោះដែរ ក្រុមហ៊ុន Bin Zayed ក៏បានឲ្យដឹងថា ជំនួបចរចារវាងភាគីទាំងពីរគឺបានឈានដល់កិច្ចព្រមព្រៀងរួច និងសង្ឃឹមថាចុះកិច្ចសន្យាផ្ទេរនាពេលឆាប់ៗខាងមុខនេះថែមទៀតផង។

គួរបញ្ជាក់ផងថា ក្រុមហ៊ុន Wallsall-born Sports ដែលមានលោក Mike Ashley ជាប្រធាននោះ បានទិញក្លឹប Newcastle United នេះក្នុងឆ្នាំ២០០៧ ក្នុងតម្លៃត្រឹមតែ ១៣៤.៤លានផោន និងប្រកាសលក់ដំបូងក្នុងខែតុលា ឆ្នាំ២០១៧។

Newcastle United បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១៣ នៃ Premier League រដូវកាលឆ្នាំ២០១៨-២០១៩ ដោយមានលោក Rafael Benitez ជាអ្នកចាត់ការទូទៅ និងត្រូវបានកាត់ចេញពីក្របខណ្ឌលីគកំពូលអង់គ្លេសនេះចំនួន ២ដងក្នុងអំឡុងលោក Mike Ashley កាន់កាប់៕

Loading...